ប្រាសាទបន្ទាយស្រី៖ តូចពិតតែរចនាបថគួរឱ្យស្ញប់ស្ញែង និងប្រវត្តិដ៏អស្ចារ្យដែលកូនខ្មែរមិនគួររំលង!
Connect with us

គួរដឹង

ប្រាសាទបន្ទាយស្រី៖ តូចពិតតែរចនាបថគួរឱ្យស្ញប់ស្ញែង និងប្រវត្តិដ៏អស្ចារ្យដែលកូនខ្មែរមិនគួររំលង!

ប្រិយមិត្តអ្នកអានជាទីគោរពរាប់អាន អ្នកតែងតែស្គាល់ច្បាស់ជាងគេគឺ ប្រាសាទអង្គរវត្ត ដែលជាប្រាសាទអស្ចារ្យ និងអច្ឆរិយជាងគេបំផុតក្នុងលោកគ្មានពីរ។ ដែលបុព្វបុរសខ្មែរយើង ខិតខំកសាងជាច្រើនឆ្នាំ បើយោងតាមឯកសារប្រវត្តិសាស្ត្រ​ខ្មែរ។

ប៉ុន្តែមិត្តអ្នកទាំងអស់អស់ មិនដឹងថាប្រាសាទបន្ទាយស្រី ដែលជាប្រាសាទចំណាស់ និងមានរចនាបថដ៏ល្អមិនចាញ់ប្រាសាទអង្គរឡើយ។ ចង់ដឹងថា តើប្រាសាទនេះ កសាងឡើងនៅដោយក្សត្រអង្គណា និងគ្រឹស្ថករាជប៉ុន្មាន សូមអានអត្ថបទខាងក្រោមដូចតទៅនេះ។

ប្រាសាទបន្ទាយស្រី គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាបអង្គរដ៏ល្បីល្បាញនៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជានៅលើពិភពលោកដែរ ដែល​បាន​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន​។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ “ប្រាសាទអង្គរវត្ត” និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប​តែង​តែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត។

ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយ នឹង​ក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និងឥដ្ឋ​រាង​ ៤ ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំងបីនៃប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់លិង្គព្រះឥសូរ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និងខាងជើង​ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។

សម្រាប់ប្រាសាទបន្ទាយស្រី​ កាលដើមឡើយមានឈ្មោះថា “ឥសូរបុរៈ” ប្រែថា “បុរីនៃឥសូរ” ប៉ុនែ្តសម័យក្រោយៗ​មកទៀត​គេហៅថា “ប្រាសាទ​បន្ទាយស្រី” ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅលើផ្ទាំង​ថ្ម​ពណ៌‌ផ្កាឈូក។

មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះ​បាន​ទទួល​ការកោតសរសើរ​ពី​ភ្ញៀវទេសចរសឹងគ្រប់រូបថាពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅ​នឹង​លទ្ធិ​ទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះ ចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។

ប្រាសាទបន្ទាយ​ស្រី​ ស្ថិត​នៅ​ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩ គីឡូ​ម៉ែត្រ ភាគ​ខាង​ជើង​ទី​រួម​ខេត្ត​​សៀម​រាប ឃ្លាត​ពីស្រះស្រង់ ២៧ គីឡូម៉ែត្រ និង​មាន​ចំងាយ ​៣២ គីឡូម៉ែត្រ ​ពីប្រាសាទអង្គរវត្តតាមផ្លូវ​ឆ្ពោះទៅ​ ភ្នំ​គូ​លេន​​។

តាម​ឯក​សារ​ប្រ​វត្តិ​សាស្រ្ត​អាណា​ចក្រ​ខ្មែរ​បាន​កត់​ត្រា​​ថា «ប្រា​សាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ ៩៦៧ ក្នុង​រជកាល ​ព្រះបាទរាជេន្រ្ទវរ្ម័ន គឺ​មុន​ការ​កសាងប្រាសាទអង្គរវត្ត​ និង​​​ អង្គរធំ ដោយ​​ព្រហ្មណ៍​ម្នាក់ឈ្មោះ​យជ្ញវរាហៈ​ដែលជាព្រះគូ្ររបស់ ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់​ព្រហ្មញ្ញសាសនា។

ប្រាសាទ​បន្ទាយ​ស្រី​ ធ្វើ​ពី​ថ្ម​ភក់ពណ៌​ស៊ី​ជម្ពូ និង​រំលេច​ដោយ​​ទេព​អប្សរ​ចំនួន ១៥០០ ដែល​ទេពអប្សរ​ទាំង​អស់​សុទ្ធ​តែ​ខុស​គ្នា ហើ​យ​​លើស​ពីនេះ​សិលា​ចារឹក ផ្កា​ភ្ញីនៅ​ប្រា​សាទ​បន្ទាយ​ស្រីមានក្បាច់​ល្អ​លើស​ពី​ក្បាច់​ចម្លាក់នៅ​លើ ​ប្រាសាទអង្គរវត្ត ទៅទៀត​គឺ​ដូច​ជា​ក្បាច់​ដែល​បាន​ឆ្លាក់​លើ​ប្រាក់​លើ​ ស្ពាន់​​ដូច្នេះ​ដែរ។

បើតាម​មគ្គុទេស ក៏វិញ​បញ្ជាក់​ថា ព្រះបាទជ័យរ្ម័ន​ទី​៥ ទ្រង់ជា​អ្នក​​កសាង​ប្រា​សាទ​នេះ​ដែរ ​តាម​សិលា​ចារឹ​ថា “ឥសូរបុរៈ” ឈ្មោះ​ត្រី​ភុវតមហេស្វរៈប្រែ​ថា “ស្ពាននៃ​ព្រះ​ឥសូ​រជា​ធំត្រៃ​ភព” ប្រែ​ថា “បុរី​ព្រះ​ឥសូរ” មិន​មែន​ឈ្មោះបន្ទាយ​ស្រី​ដូច​យើង​ស្គាល់​ទេ។

ប្រាសាទ​នេះ​មាន​កំ​ពែង​ថ្ម​បាយ​ក្រៀម​ព័ទ្ធ ៣​ជាន់មានទីលាន​ក្រាល​ថ្មវែង​ទៅទិស​ខាង​កើត មាន​គោបុរៈ​ប្រកបដោយ​ក្បាច់រច​នា​​​​វិ​ចិត្រ​ នៅ​ចំ​កណ្តាល​ទី​លាន​មាន​រោង​ទង​ខ្វាត់​ខ្វែង​ក្រ​ឡា​ចត្រង្គ​ចេញ​ទៅ​ខាង​​ជើងមួយ ចេញទៅ​ខាង​ត្បូង​បីសុទ្ធ​សឹង​ប្រ​កប​ដោយ​ក្បាច់​រចនា​ល្អ​វិចិត្រ។ សព្វ​ថ្ងៃ​នេះ​បាក់​ធ្លាក់​អស់​ហើយ សល់​តែ​សរសរ​ច្រូង​ច្រាង​គួរ​អោយ​ស្តាយ។

ប្រា​សាទ​បន្ទាយ​ស្រី​ជា​ប្រា​សាទ​មួយដែល​មាន​ក្បាច់​រចនា​យ៉ាង​បញ្ចង់​ឆើត​ឆាយ មាន​សន្ទឹក​ភ្ញីវ​ល្លិវិលវង់​ល្អិត​ឆ្មា​ស្រស់​រស់​រវីក ដែល​មើល​ទៅ​គួរ​អោយ​នឹក​គិត​ឥត​មាន​ក្តី​ង្ស័យ​ថា “ទេវតានិមិ្មត”។​ សន្លឹក​ក្បាច់​មួយទងៗដែល​វិល​វង់​មូល​ក្រ​ឡង់​អាច​ទាញ​ភ្នែក​គយ​គន់​មើល​​ម្តង​ហើយ​​ម្តង​ទៀត​ និង​អោយ​ឈ​រ​ទ្រឹង​ភាំង​​ភ្លេច​ខ្លួន​ជញ្ជក់​មាត់​ដោយ​សេចក្តី​ស្ងើច​ថ្វី​ដៃ​សម្តែង​​អោយ​ឃើញ​ថា សម័យ​កសាង​ប្រា​សាទ​បន្ទាយ​ស្រី​នេះ​ ជា​សម័យ​នៃ​ការ​ចេះ​ដឹង​ស្ទាត់​ជំ​នាញ​របស់​បុព្វ​បុរស់​ខ្មែរ​នា​សម័យ​នោះ។

ប្រា​សាទបន្ទាយ​ស្រី​កន្លង​មក​ត្រូវ​រង​នូវ​ភាព​មហន្ត​រាយ ដោយ​សារ​តែ​សង្គ្រាម​បាន​ធ្វើ​អោយ​ប្រា​សាទ​បុរាណ​មួយ​នេះ​ខូច​ខាត​ខ្ទេច​​ខ្ទី​អស់​យ៉ាង​ច្រើន។ របង​កំ​ពែង​ការ​ពារ​ខាង​ក្រៅ​ ត្រូវ​បាន​គេ​ធ្វើ​ការ​ជីកគាស់​កាយ​រុក​រក​វត្ថុ​បុរាណ​កាល​ពី​អំ​ឡុង​ប្រ​ទេស​ស្ថិត​​នៅ​ក្នុង​សង្គ្រាម​។ គំ​នរ​ដុំ​ថ្ម​ប្រា​សាទ​ត្រូវ​ទុក​រាយ​​ប៉ាយ​នៅមុខ​ប្រា​សាទ​។​ តួ​ប្រា​សាទ​ខាង​ក្នុង​មួយ​ភាគ​ត្រូវ​បាក់​បែក​ស្រុត​ទ្រុឌ​ដែល​មើល​ទៅ​គួ​រអោយ​សង្វេគណាស់៕

ផ្ដល់សិទ្ធិដោយ៖ មនោវិជ្ជា

អត្ថបទទាក់ទង៖ ថាម៉េច? ជាង៩០០ឆ្នាំមុនប្រាសាទអង្គរវត្តមានស្រោបមាសនៅតាមជញ្ជាំង និងកំពូល? ​ចុះឥឡូវទៅណាអស់ហើយ?

យោងតាមវីដេអូបកស្រាយដ៏ពិសេសមួយរបស់ Amazing Cambodia ប្រាសាទអង្គរវត្តរបស់កម្ពុជាយើងពិតជាមានលក្ខណៈអស្ចារ្យច្រើនទៀតដែលពិភពលោកមិនទាន់រុករកឃើញអស់។ ស្ថាបត្យករបុរាណដែលសាងសង់ប្រាសាទអង្គវត្តពិតជាបានរៀបគម្រោងសាងសង់ដ៏អច្ឆរិយៈ។

បុព្វជិតពីបុរាណអាចចូលមកក្នុងប្រាសាទអង្គរវត្តដើម្បីគោរពព្រះវិស្ណុ ដែលជាព្រះធំបំផុតក្នុងសាសនាហិណ្ឌូ។ នៅលើដំបូលប្រាសាទត្រូវបានគេរចនាជាកំពូល ៥ មាន ៥ជាន់ថ្នាក់ដែលតំណាងឱ្យភ្នំព្រះមេរុ ដែលជាក្ដីសង្ឃឹមដ៏ធំនៃព្រះ។

កសាងដោយប្រើថ្មធំៗដែលមានទម្ងន់សរុបប្រមាណជាងកន្លះលានតោន ប្រាសាទអង្គរវត្ត មិនខុសអីពីសំណង់ដែលបង្ហាញពីភាពរុងរឿងរបស់អាណាចក្រមួយនៅឋានសួគ៌ដែលស្ថិតនៅលើផែនដី។ ប្រាសាទនេះត្រូវបានសាងសង់ដើម្បីពង្រីកបារមីព្រះចេស្ដារបស់អង្គព្រះមហាក្សត្រជំនាន់នោះ។

ហេតុនេះបុព្វបុរសស្ថាបត្យករបានពន្លេចចេញជាក្បូរក្បាច់រចនាចម្លាក់រាប់រយផ្ទាំង។ ក៏ប៉ុន្តែអ្នកស្រាវជ្រាវជឿថា កាលពីជាង ៩០០ ឆ្នាំមុនប្រាសាទអង្គរវត្តអាចនឹងមានសភាពល្អស្អាតជាងនេះឆ្ងាយណាស់។ គេហ៊ានសន្និដ្ឋានថា ដំបូលរបស់ប្រាសាទអង្គរវត្តអាចនឹងត្រូវបានប្រក់ក្បឿងលាយមាស ហើយរាល់ច្រករបៀងទាំងឡាយសុទ្ធតែមានពាសដោយមាស។

ចំណែកកំពូលទាំង ៥ ក៏ស្រោបដោយមាសមានពន្លឺចែងចាំង ជាពិសេសពេលរងនូវកាំរស្មីព្រះអាទិត្យវានឹងរំលេចចេញជាពន្លឺពណ៌មាសដូចជាឋានសួគ៌ជាប់ដី។ បើដូចនេះមែន គេត្រូវការពលកម្មមនុស្សរាប់សែននាក់ដើម្បីសាងសង់ តែមកទល់បច្ចុប្បន្ននេះ ស្លាកស្នាមជាច្រើនត្រូវបានរលុបសូម្បីទិក្រុងនៅជុំវិញប្រាសាទអង្គរវត្តក៏ពិបាកស្រាវជ្រាវរកដែរ។

ហេតុនេះថាតើមាសទាំងនោះមានពិតឬអត់វាគ្រាន់ជាការសន្និដ្ឋានមួយ ហើយបើវាមានមែន តើបាត់ទៅណានោះជាសំណួរមួយទៀតដែលត្រូវស្រាវជ្រាវបន្ត៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង