អ្នកខ្សោយតម្រងនោមត្រូវតែដឹងរឿងទាំងនេះដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត!
Connect with us

សុខភាព & សម្រស់

អ្នកខ្សោយតម្រងនោមត្រូវតែដឹងរឿងទាំងនេះដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត!

របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។ ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ (ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។

១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖

– អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ
– សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក, ផ្អក, ឆៃប៉ូវជាដើម។
– សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកំរិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។
– កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រភពពីសត្វ
– សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។

២) អាហារដែលគួរបរិភោគ ៖

– ទឹកសាបស្អាត ក្នុងកំរិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ)
– បាយ
– បន្លែឆ្អិន
– សាច់ដូចជាត្រី, មាន់, ទាក្នុងកំរិតសមល្មម
(ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ)

សូមចងចាំថា ការប្រើប្រាស់ថ្នាំសំរាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ ជាយថាហេតុ។

ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែតយើងខ្ញុំរង់ចាំទទួលផ្តល់ការប្រឹក្សា និងការព្យាបាល រាល់ករណីជំងឺតម្រងនោមគ្រប់ប្រភេទ៕

ប្រភព៖ Calmette Hospital

អត្ថបទទាក់ទង៖ កុំរំលង! ត្រូវប្រុងប្រយ័ត្ន នេះជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃគ្រួសតម្រងនោម!

តោះថ្ងៃនេះយើងមកដឹងពីគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃគ្រួសតម្រងនោមទាំងអស់គ្នា! បើទោះជាមានមូលហេតុផ្សេងៗគ្នានៃការកកើត ទំហំតូចឬធំ គ្រួសតម្រងនោមអាចសម្ងំនៅក្នុងខ្លួនមនុស្ស ដោយមិនបញ្ចេញជារោគសញ្ញាអ្វីទាំងអស់ដល់អ្នកជំងឺ ជាពិសេសនៅពេលដែលវាមិនទាន់ធ្វើអោយស្ទះដល់លំហូរនៃប្រព័ន្ធទឹកនោម។

នៅពេលដែលគ្រួសតម្រងនោមរំកិល ឬធ្វើឲ្យស្ទះដល់ដំណើរលំហូរនៃទឹកនោម ព្រឹត្តការណ៍ពីរធំៗអាចកើតមានឡើង៖

១) ការឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ (Colique néphrétique)៖

ការឈឺចាប់នេះបណ្តាលមកពីការស្ទះភ្លាមៗនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (អាចខាងឆ្វេង ឬខាងស្តាំ) បណ្តាលឲ្យមានការរីកធំដោយការដក់ទឹកនោមនៅក្នុងតម្រងនោម។ ការឈឺចាប់នេះអាចនឹងធូរស្បើយទៅវិញដោយសារ៖
– ការធ្លាក់ផុតពីបំពង់ទឹកនោមចូលទៅក្នុងផ្លោកនោម ដោយគ្រួសដែលមានទំហំតូចៗ (៣-៤មម)
– ការបែកធ្លាយនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (Rupture fornix)
– ការប្រើថ្នាំបំបាត់ការឈឺចាប់

ចំណាំ៖ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតខូចតម្រងនោម ភាគច្រើនជួបប្រទះក្នុងករណីចុងក្រោយ ដែលអ្នកជំងឺលែងមានការឈឺចាប់បន្ទាប់ពីពិសារថ្នាំ ហើយគិតថាគ្រាប់គ្រួសជ្រុះ ឬធ្លាក់បាត់។

ផ្ទុយទៅវិញគ្រួសនោះអាចនៅបន្តស្ទះដោយលែងមានរោគសញ្ញាឈឺចាប់ខ្លាំងដូចពីដំបូង។ ដោយសារការស្ទះនេះ តម្រងនោមនឹងចាប់ផ្តើមខ្សោយបន្តិចម្តងៗ រហូតដល់ខូចលែងដំណើរការ។

២) ការឈឺចាប់នៅតំបន់ចង្កេះរួមទាំងមានការក្តៅខ្លួន (Pyélonéphrite aiguë)៖

គឺជាការស្ទះនៅផ្លូវបង្ហូរទឹកនោម រួមទាំងការរលាកស្រួចស្រាវដល់បំពង់ទឹកនោម និងតម្រងនោម ដែលស្ទះនោះ។

កត្តាចម្បងដែលធ្វើឲ្យមានមេរោគ ឬខ្ទុះក្នុងប្រព័ន្ធបង្ហូរទឹកនោមគឺការចាល់ ឬស្ទះទឹកនោមនៅផ្នែក ណាមួយនៃប្រព័ន្ធ។ ការរលាកតម្រងនោមស្រួចស្រាវបណ្តាលមកពីការស្ទះទឹកនោម (Pyélonéphrite aiguë obstructive) ជាករណីបន្ទាន់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

ដើម្បីការពារកុំឲ្យគ្រួសតម្រងនោមផ្តល់ផលវិបាករហូតដល់ខូចតម្រងនោម ឬគ្រោះថ្នាក់ដល់អាយុជីវិត សូមបងប្អូនអញ្ជើញមកពិគ្រោះយោបល់វេជ្ជសាស្ត្រ អំពីរោគវិនិច្ឆ័យច្បាស់លាស់ និងពិតប្រាកដ ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេស និងសាស្ត្រាចារ្យ ជំនាញបទពិសោធន៍ខ្ពស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានជំនួយដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រកំរិតស្តង់ដាសកលប្រកបដោយសុវត្ថិភាព និងគ្មានការឈឺចាប់៕

មតិយោបល់

ពេញនិយម