ហេតុអ្វីបានជាអ្នកមិនអាចទំពារស្ករកៅស៊ូបាននៅក្នុងប្រទេសសាំងហ្គាពួរ?
Connect with us

គួរដឹង

ហេតុអ្វីបានជាអ្នកមិនអាចទំពារស្ករកៅស៊ូបាននៅក្នុងប្រទេសសាំងហ្គាពួរ?

ស្នាដៃ និងការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាលសាំងហ្គាពួរបានធ្វើអោយប្រទេសដែលធ្លាប់តែជាដីកោះរុំព័ទ្ធទៅដោយទឹកប្រៃក្លាយជាជំរុំនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងសម្បូរបែប ពោលគឺវាបានធ្វើអោយប្រទេសនេះក្លាយជា ប្រទេសដែលប្រជាជនមានស្តង់ដាររស់នៅខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងចំនោមគោលនយោបាយគ្រប់គ្រងប្រទេសជាច្រើន មានគោលនយោបាយមួយមានភាពចម្លែកខុសពីគេ ដោយសារតែប្រទេសនេះបានហាមឃាត់ការទំពារ រឺជួញដូរស្ករកៅស៊ូនៅក្នុងទីផ្សារ និងក្នុងទឹកដីប្រទេសនេះទាំងមូលតែម្តង។ ការអនុវត្តន៍ច្បាប់មួយនេះបានធ្វើអោយមនុស្សជាច្រើន ជាពិសេសគឺប្រទេសលោកខាងលិចមានការងើងឆ្ងល់ និងអស់សំណើចយ៉ាងខ្លាំង ថាតើស្ករកៅស៊ូបានធ្វើខុសអ្វីទើបបានជាគេបំបិតមិនអោយមានយ៉ាងដូច្នេះ។

ប៉ុន្តែតើហេតុអ្វីទៅបានជាប្រទេសនេះបែរជាមានការយកចិត្តទុកដាក់យ៉ាងតឹងរឹងទៅលើបញ្ហានេះទៅវិញ?

ច្បាប់ហាមឃាត់នៅលើការទំពារ រឺជួយដូរស្ករកៅស៊ូនេះត្រូវបានគេបង្កើតឡើងអោយប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៩២។ តាមការបកស្រាយរបស់អតីតប្រធានាធិបតីលោក លី ក្វាន់យូ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍BBC កាលពីលោកនៅមានបញ្ជាក់ថា ច្បាប់នេះត្រូវបានបង្កើតឡើង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងអនាម័យរបស់ប្រទេសសាំងហ្គាពួរទាំងមូល។

ដោយសារតែប្រទេសនេះមានទំហំតូច ខណះដែលប្រជាជន និងអ្នកទេសចរណ៍ប្រទេសនេះមានការកើនឡើងយ៉ាងគំហុក បញ្ហាបរិស្ថាន និងសោភណ្ឌភាពទីក្រុងគឺជាវិស័យមួយយ៉ាងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ តាមការរៀបរាប់របស់បុគ្គលិកអនាម័យដែលថែទាំអាគារផ្សេងៗនៅក្នុងប្រទេសនោះបានថ្អូញថ្អែរថា ពួកគេមានការលំបាកជាខ្លាំងនៅក្នុងការសម្អាតកាកសំនល់ស្ករកៅស៊ូ ព្រោះថាវាមានភាពស្អិតជាប់មិនអាចជូតច្រះបានល្អនោះទេ។

គួរបញ្ជាក់ថាប្រជាជនប្រទេសនេះរស់នៅផ្ទះលក្ខណះជាប្រភេទខុនដូ ដែលមានច្រើនជាន់ និងមានរាប់រយគ្រួសារ ដូច្នេះនៅពេលដែលមនុស្សម្នាក់ៗសុទ្ធតែអាចទំពារស្ករកៅស៊ូ ពួកគេនឹងបង្កើតសម្រាមស្អិតនេះគ្រប់ទីកន្លែង ព្រោះភាគច្រើនមនុស្សតែងតែខ្ជាក់ស្ករកៅស៊ូនេះរប៉ាត់រប៉ាយតាមទីកន្លែងនានា ដោយគិតថាពួកវាត្រឹមតែជាសំណល់តូចល្អិតមួយប៉ុណ្ណោះ។

រឿងដែលរឹតតែជម្រុញការអនុវត្តន៍គោលនយោបាយនេះអោយកាន់តែខ្លាំងទៀតនោះគឺដោយសារតែនៅពេលប្រទេសនេះបានសាងសង់រថភ្លើងក្រោមដីសម្រាប់បម្រើអោយការធ្វើដំនើររបស់មនុស្សរាប់ពាន់អ្នកប្រចាំថ្ងៃនោះ មានបញ្ហាមិនប្រក្រតីបានកើតឡើងជារឿយៗ។ បញ្ហានោះគឺ ទ្វាររថភ្លើងនោះគឺមិនអាចបើកបាននោះទេ ដោយសារតែពួកវាត្រូវបានបិទជាប់អោយកាកសំណល់ស្ករកៅស៊ូ។

ដោយសារតែឃើញពីគុណវិបត្តិច្រើនជាងគុណសម្បត្តិបែបនេះ រដ្ឋាភិបាលសាំងហ្គាពួរក៏បានសម្រេចចិត្តបិទលែងអោយមានការជួញដូរស្ករកៅស៊ូនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ ២០០៤ ស្ករកៅស៊ូដែលទាក់ទងនឹងការជួយព្យាបាលជម្ងឺត្រូវបានគេអនុញ្ញាតអោយមាននៅក្នុងឳសថស្ថាន ប៉ុន្តែអ្នកដែលប្រើប្រាស់អាចទិញវាបានលុះត្រាណាតែមានវិជ្ជបញ្ជាពីគ្រូពេទ្យជំនាញត្រឹមត្រូវ៕

អត្ថបទល្អផ្សេងទៀត៖ សាំងហ្គាពួរគ្រាន់តែកូនកោះមួយសោះ ម៉េចក៏អភិវឌ្ឍន៍លឿនម្ល៉េះ?

អោយតែលឺដល់ឈ្មោះប្រទេសសាំងហ្គាពួរ មិនសូវមាននរណាម្នាក់ថាមិនស្គាល់ខ្លាំងណាស់។ នៅក្នុងចំនោមប្រទេសទាំង១០នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសសាំងហ្គាពួរគឺជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេបំផុត ដែលប្រជាជនរបស់ប្រទេសនេះមានប្រាក់ចំនូលក្នុងមួយឆ្នាំៗជាង៥ម៉ឺនដុល្លារអាមេរិចឯណោះ ពោលគឺច្រើនជាសហរដ្ឋអាមេរិច ដែលជាប្រទេសមហាអំនាចពិភពលោកទៅទៀត។

តើអ្វីទៅដែលធ្វើអោយប្រទេសមួយនេះមានការអភិវឌ្ឍន៍លឿនដល់ម្លឹង? ហេតុក្រោមនេះគឺជាហេតុផលធំៗទាំង ដែលអាចឆ្លើយនឹងសំនួរនេះបាន៖

១. ទីតាំងភូមិសាស្ត្រ

ទីតាំងភូមិសាស្ត្ររបស់ប្រទេសនេះគឺអំនោយផលយ៉ាងខ្លាំង ដោយសារតែខ្លួនស្ថិតនៅឯមាត់ច្រកម៉ាឡាកា ដែលជាចំនុចប្រសព្វមួយដិតមាន៤០%នៃពាណិជ្ជកម្មពិភពលោកមានសកម្មភាពនៅទីនោះទៅហើយ។ ដោយសារតែហេតុនេះ ប្រទេសសាំងហ្គាពួរអាចអភិវឌ្ឍន័ប្រទេសតាមរយះការសាងសង់ផែអន្តរជាតិយ៉ាងធំ ដើម្បីទាក់ទាញការនាំចេញនាំចូលរបស់ប្រទេសខ្លួន និងប្រទេសផ្សេងៗក្នុងតំបន់ទាំងមូលតែម្តង។

២. ការវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយបរទេស

ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី គឺលោកលី ក្វាន់យូ លោកបានពង្រឹងវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនដើម្បីអោយមកបណ្តាក់ទុននៅក្នុងប្រទេស។ លើសពីនេះទៅទៀត លោកក៏បានបង្កើតទំនាក់ទំនងយ៉ាងស្និទស្នាលជាមួយប្រទេសផ្សេងៗដើម្បីធ្វើអោយណាអោយពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសផ្សេងៗអាចដំណើរការទៅបានដោយរលូន។

៣. ការរៀបចំរដ្ឋាភិបាល

រដ្ឋាភិបាលរបស់ប្រទេសសាំងហ្គាពួរត្រូវបានរៀបចំអោយបានទ្រង់ទ្រាយតូច ដើម្បីងាយស្រួលក្នុងការធ្វើការប្រកដដោយប្រសិទ្ធិភាព។ ពួកគេសុទ្ធតែជាមនុស្សដែលមានជំនាញខ្ពស់ ច្បាស់លាស់ និងមានសេចក្តីស្មោះត្រង់ទៅនឹងប្រទេសរបស់ខ្លួន។

៤. ប្រទេសតូច ប្រជាជនតិច

ដោយសារតែប្រទេសសាំងហ្គាពួរមានទំហំតូច និងប្រជាជនតិច ការចែកចែងរបបសង្គមនៅក្នុងប្រទេសមានលក្ខណះងាយស្រួលជាងនៅប្រទេសផ្សេងៗដែលមានប្រជាជនច្រើន។ ដូច្នេះរដ្ឋាភិបាលប្រទេសនេះពុំសូវពិបាកនៅក្នុងការផ្តល់សេវាសង្គម ការងារ រឺឳកាសអោយប្រជាជនខ្លួននោះឡើយ។

៥. ផ្តោតសំខាន់លើវិស័យអប់រំ

តាំងពីទើបតែបានឯករាជ្យមកភ្លាម លោកប្រធានាធិបតីរបស់ប្រទេសនេះបានយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំក្នុងការពង្រឹងវិស័យអប់រំ ព្រោះលោកជឿថាមានតែការអបំរំមួយគត់ដែលអាចធ្វើអោយប្រទេសមួយនេះអភិវឌ្ឍន៍ទៅមុខបានជោគជ័យ។ ហេតុដូច្នេះហើយទើបបានជាកុមារគ្រប់រូបតែគ្រប់អាយុសុទ្ធតែត្រូវបានគេបញ្ចូនអោយចូលរៀន ខណះតែស្តង់ដារគុណភាពនៃការបង្រៀនគឺមានលក្ខណះខ្អស់បំផុត បើប្រៀបធៀបនឹងប្រទេសផ្សេងៗក្នុងតំបន់៕

មតិយោបល់

ពេញនិយម