អំណោយទេយ្យទានជាមឈូស៖ ថ្វីបើមើលមិនសមភ្នែក តែមិនខុសឆ្គងទេ!
Connect with us

បែបផែនជីវិត

អំណោយទេយ្យទានជាមឈូស៖ ថ្វីបើមើលមិនសមភ្នែក តែមិនខុសឆ្គងទេ!

កាលពីពេលថ្មីៗនេះមានការជជែកនិងប្រតិកម្មបែកអូរហូរស្ទឹង ស្ដីពីការប្រគេនអំណោយទេយ្យទានជាមឈូសដល់ចាស់ៗនៅក្នុងភូមិមួយពីក្រុមហ៊ុនទឹកបរិសុទ្ធមួយ។ ពេលនេះដោយឈរជំហរកណ្ដាល យើងសូមវិភាគជូនដោយសាមញ្ញដូចខាងក្រោម។

មានមតិពីរធំៗទៅលើការចែកអំណោយនោះគឺមួយក្រុមគិតថាការធ្វើដូច្នោះមើលទៅហាក់មិនសមរម្យ មិនគាប់ភ្នែក និងមើលងាយជីវិតមនុស្សនៅរស់ជាដើម។ ចំណែកមតិមួយទៀតគិតថា វាមិនមែនជារឿងខុសឆ្គងអ្វីទេ ព្រោះនោះជាសំណូមពររបស់អ្នកទទួលទានដែលជាលោកតាលោកយាយចាស់ៗ។

បើវិនិច្ឆ័យឱ្យចំទៅ មតិទាំងពីរសុទ្ធតែមានចំណុចត្រឹមត្រូវរៀងខ្លួន។ ពិតណាស់ការផ្ដល់អំណោយជាមឈូសទៅមនុស្សរស់ បើសាធារណជនមើលទៅច្បាស់ជាមិនសូវសមភ្នែក ព្រោះមឈូសតំណាងឱ្យសេចក្ដីស្លាប់ ហើយបើមឈូសច្រើនត្រៀបត្រានៅក្បែរយាយតាជាច្រើនសិបនាក់ដូចក្នុងរូបភាពដែលគេបង្ហោះនោះទៀត អ្នកមើលពិតជាគេចមិនផុតពីការមានអារម្មណ៍មិនសូវល្អ តក់ស្លុត និងក្រៀមក្រំជំនួសលោកយាយលោកតា។ វាជាធម្មជាតិរបស់មនុស្សដែលមានអារម្មណ៍មិនសូវល្អពេលឃើញវត្ថុតំណាងឱ្យមរណៈច្រើនស្កេកស្កះនៅទីសាធារណៈដូច្នេះ។

តែបើថាវាខុសឆ្គងឬអត់នោះ ពិតណាស់ពុំមានអ្វីខុសឆ្គងទេ! ទីមួយ គឺទានដែលឱ្យនោះមិនបានប៉ះពាល់ឬបំផ្លាញប្រយោជន៍បុគ្គលណាម្នាក់ឡើយ តែបែរជាទទួលបានការសាទរនិងអំណរគុណពីអ្នកទទួលទានទៅវិញ ព្រោះតាមការបញ្ជាក់ហើយបញ្ជាក់ទៀតពីអ្នកផ្ដល់ទានជាមឈូសនេះ គឺលោកតាលោកយាយជាអ្នកស្នើសុំមឈូសនោះដោយសារពួកគាត់គ្មានលទ្ធភាពទិញ ហើយពួកគាត់ដឹងច្បាស់ថាមិនអាចចៀសផុតពីសេចក្ដីស្លាប់បានទេ។ ការទទួលបានទានជាមឈូសនេះ ជាការធានាដ៏កក់ក្ដៅមួយសម្រាប់ពួកគាត់ថា ក្រោយពេលចែកឋានទៅ ពួកគាត់នឹងត្រូវបានរក្សាទុកត្រឹមត្រូវតាមប្រពៃណី។ ហេតុនេះទានជាមឈូសនេះជា “វត្ថុដែលគួរឱ្យ ដល់ជនដែលគួរឱ្យ” ដែលស្របតាមផ្លូវធម៌នៃការធ្វើទាន។

ទីពីរ បើក្រឡេកមើលទៅទំនៀមទម្លាប់តាមតំបន់មួយចំនួនក្នុងស្រុកខ្មែរ ចាស់ៗគាត់ក៏តែងស្នើឱ្យកូនចៅសាងសង់ជាចេតិយ ឬក៏ទិញមឈូសមកទុកថែរក្សាដើម្បីបម្រុងពេលពួកគាត់ចែកឋានទៅ។ ប្រវត្តិសាស្ដ្រក៏បានបង្ហាញដែរថា ព្រះមហាក្សត្រអង្គខ្លះក៏ទ្រង់ចាត់ឱ្យគេកសាងព្រះផ្នូរទុកជាមុនទៅទៀតមុនពេលសោយទីវង្គត។

ហេតុនេះជារួមទៅ យើងទទួលស្គាល់ថាការផ្ដល់អំណោយទេយ្យទានជាមឈូសទៅលោកតាលោកយាយក្នុងចំនួនច្រើនត្រៀបត្រាបែបនេះមើលទៅហាក់មិនសូវសមភ្នែក និងបង្កើតអារម្មណ៍ក្ដុកក្ដួលខ្លះ តែវាមិនមែនជាអំពើខុសឆ្គងឡើយ ពោលគឹជាអំពើបុណ្យព្រោះអ្នកធ្វើមានសទ្ធាជ្រះថ្លាគ្មានចិត្តប្រមាថ ឯអ្នកទទួលក៏មានក្ដីអំណរ រីឯជនដទៃនិងសង្គមក៏មិនមានខាតបង់ប្រយោជន៍អ្វីដែរ៕

ប្រភពរូបភាព៖ Facebook

អត្ថបទពិសេស៖ មោទនភាពណាស់!កូនខ្មែរជាស្រ្ដីក្លាយជាស្ដេចស្នូកឃើប្រចាំកូរ៉េខាងត្បូង២ឆ្នាំជាប់គ្នា និងកាន់ពានរាប់ភ្លេច!

នេះពិតជាដំណឺងគួរជាទីមោទនទៀតហើយ ដោយមាននារីខ្មែរម្នាក់មានសាច់ឈាមជាកូនខ្មែរសុទ្ធ ហើយអាចគ្រងតំណែងជាជើងឯកកីឡាស្ណុកឃើ (Snooker) ឬបុកប៊ីយែនៅប្រទេសកូរ៉េខាងត្បូងដល់ទៅ ២​ ឆ្នាំជាប់គ្នាពោលគឺ ២០១៦-២០១៧ តែម្ដង។

លោកស្រី សួង ភាវីជាកូនខ្មែរកើតមានទីកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ប្រទេសកម្ពុជា ហើយបានរៀបការប្តីកូរ៉េនិងទៅរស់នៅប្រទេសកូរ៉េខាងត្បូងតែលោកស្រីមិនបានចូលសញ្ជាតិកូរ៉េខាងត្បូងទេ  ដោយចង់តំណាងជាតិខ្មែរលើឆាកអន្ដរជាតិ។

លោកស្រីបានហាត់រៀនកីឡាស្នូកឃ័រនេះតាមរយៈស្វាមីរបស់ខ្លួនមកទល់បច្ចុប្បន្ន និងទទួលបានការឧបត្ថមគាំទ្រសព្វបែបយ៉ាងពីស្វាមី ហើយបូកផ្សំនឹងទេពកោសល្យនិងការព្យាយាមលោកស្រីអាចកាន់ពានរហូតចំនួន ៣៣ ពាន ក្នុងនោះបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ ១ ដល់ទៅ ១០ដង។

នេះជាវីរភាពដ៏គម្រូមួយសម្រាប់កូនខ្មែរទាំងអស់ ជាពិសេសស្ដ្រីភេទដែលមានសមត្ថភាពគ្រប់បែបយ៉ាង។ ជាងនេះទៅទៀតលោកស្រីក៏ជានិមិត្តរូបដ៏អស្ចារ្យមួយសម្រាប់ពលករពលការិនីខ្មែរដែលទៅធ្វើការក្រៅប្រទេសពិសេសនៅកូរ៉េខាងត្បូងផ្ទាល់៕

មតិយោបល់

ពេញនិយម