មតិគួរពិចារណា៖ ទោះធ្វើបុណ្យប៉ុនភ្នំធំជាងមហាសមុទ្រក៏មិនអាចទូទាត់នឹងបាបប៉ុនល្អងធូលី!
Connect with us

បែបផែនជីវិត

មតិគួរពិចារណា៖ ទោះធ្វើបុណ្យប៉ុនភ្នំធំជាងមហាសមុទ្រក៏មិនអាចទូទាត់នឹងបាបប៉ុនល្អងធូលី!

ជីវិតកើតមានលើលោកចៀសមិនផុតពីសេចក្ដីទុក្ខ គ្រាន់តែទុក្ខច្រើនទុក្ខតិច និងយូរឬឆាប់។ មនុស្សមិនអាចគ្រប់គ្រងវាសនា តែអាចគ្រប់គ្រងសកម្មភាពដែលអាចកែកុនប៉ះប៉ូវវាសនាបាន។ សកម្មភាពមានច្រើនយ៉ាងតែបើសង្រួមមកគឺមានតែពីរប៉ុណ្ណោះគឺ អំពើ “បុណ្យ” និង “បាប”។

មនុស្សជាច្រើនជឿថាទង្វើបុណ្យនឹងឱ្យផលល្អមកវិញ ហើយទង្វើបាបនឹងផ្ដល់ផលអាក្រក់។ រឿងនេះជាសច្ចដែលមិនអាចប្រកែកបានដែលមានចែងច្បាស់ក្នុងពុទ្ធចក្រ។ 

តែក៏មានមនុស្សជាច្រើនជឿថា បុណ្យអាចយកទៅទូទាត់បាបបាន ដែលមានន័យថាបើជ្រុលធ្វើបាបមួយភាគ អាចធ្វើបុណ្យមួយភាគវិញដើម្បីជម្រះបាប។ តែតាមពុទ្ធចក្រ បុណ្យនិងបាបមិនអាចទូទាត់គ្នាបានទេ។

បុណ្យ និងបាបជាសភាវៈពីរដាច់ពីរគ្នា។ ទង្វើល្អដូចជាការជួយអ្នកដទៃបង្កើតបានជាបុណ្យ ហើយផ្ដល់មកវិញដោយផលល្អ រីឯទង្វើអាក្រក់ដូចជាការជាន់ឈ្លី កេងប្រវ័ញ្ចអ្នកដទៃបង្កើតបានជាបាប ហើយនឹងផ្ដល់មកវិញនូវផលអាក្រក់ចៀសពុំរួច។

តាមពុទ្ធចក្រ បើយើងធ្វើទាំងល្អផងនិងអាក្រក់ផង នោះយើងនឹងទទួលបានទាំងផលល្អនិងអាក្រក់វិញ ដូចជាទឹកមួយកែវមានប្រេងនិងទឹក គឺលទ្ធផលវាមិនអាចក្លាយជាល្បាយនៃប្រេងនិងទឹកទេ គឺវានៅតែជាសារធាតុពីរមិនរលាយចូលគ្នា។

សាធុជនភាគច្រើនតែងមើលរំលងនូវក្រឹត្យក្រមនេះ ហើយតែងមិនចាប់អារម្មណ៍ធ្វើបុណ្យដោយសារមិនសូវមើលឃើញផលជាក់ស្ដែងភ្លាមៗ ហើយចូលចិត្តធ្វើបាបដោយសារបានផលចំណេញច្រើនហើយមិនឃើញទទួលបាបកម្មភ្លាមៗ។

ក្រោយធ្វើបាបគេតែងគិតថាចាំធ្វើបុណ្យលាងវិញ លុះត្រាពេលរងកម្មទើបភ្ញាក់ខ្លួនភ្លឺភ្នែក ហើយសួរថាហេតុអ្វីបុណ្យដែលខ្លួនបានសាងមិនមកជួយខ្លួនផង???

ទោះយ៉ាងណាគ្មាននរណាអាចដឹងថាពេលណាទើបបុណ្យនិងបាបឱ្យផលមក និងឱ្យផលប៉ុន្មានទេ តែអ្វីដែលច្បាស់គឺវានឹងឱ្យផលមកដោយចៀសមិនរួច (តាមពុទ្ធចក្រ អាចផ្ដល់ជាតិនេះឬជាតិមុខ ហើយបើតាមវិទ្យាសាស្ដ្រគឺឱ្យផលជាការប៉ះទង្គិចផ្លូវចិត្តដោយការធ្វើបាបនិងការសប្បាយចិត្ដដោយការធ្វើបុណ្យ) ហើយវាមិនអាចស៊ីសងគ្នាបានទេ។

បើយើងធ្វើបុណ្យច្រើនប៉ុនភ្នំឬសមុទ្រនោះនឹងទទួលបានផលល្អទាំងនោះមកវិញទៅថ្ងៃមុខឬជាតិមុខ និងសេចក្ដីសុខផ្លូវចិត្តនៅពេលនេះផ្ទាល់ តែបើធ្វើអាក្រក់ប៉ុនក្រចកនោះនឹងទទួលផលអាក្រក់ប៉ុនក្រចកមកវិញចៀសមិនផុតទោះបុណ្យប៉ុនភ្នំក៏លាងមិនជ្រះ ហើយវិបត្តិផ្លូវចិត្តនឹងអន្ទោលតាមប្រាណរហូត។

ហេតុនេះបើចង់ទទួលផលល្អទៅថ្ងៃមុខត្រូវធ្វើតែអំពើល្អ ដោយចៀសអំពើអាក្រក់តាមដែលអាចធ្វើបាន។ បើទោះផលនៃទង្វើល្អមកដល់ពេលខាងមុខ តែចិត្តដែលជ្រះថ្លាក្រោយធ្វើអំពើល្អវានៅជាប់នឹងយើងជានិច្ច ហើយចិត្តដែលហ្មងសៅក្រោយធ្វើអំពើបាបក៏នៅលងជាប់ខ្លួនយើងជានិច្ចដែរមុននឹងផលបាបមកដល់៕

ប្រភព៖ Universal Law of Karma

ចុចអាន៖ ព្រះពុទ្ធទ្រង់កំពុងទេសនាស្រាប់តែបុរសម្នាក់ស្រែកគំហកដាក់ទ្រង់ តែទ្រង់តបមួយឃ្លាបុរសនោះបាត់មាត់ឈឹង!

ចុចអាន៖ ព្រះពុទ្ធទ្រង់ប្រើកូនសិស្សទៅដងទឹកពីបឹងតែបឹងសុទ្ធតែកករ តែទ្រង់ប្រើវិធីចិត្តសាស្ដ្រងាយៗអាចឱ្យកូនសិស្សភ្លឺភ្នែក!

អត្ថបទល្អផ្សេងទៀត៖ កូនក្អាត់និងដង្កូវស្បថស្បែថានឹងស្រឡាញ់គ្នា ចុះពេលមួយប្រែជាកង្កែបមួយប្រែជាមេអំបៅ នឹងមានរឿងអ្វីកើតឡើង?

មានកូនដង្កូវញីមួយកំពុងនៅលើស្លឹកឈើដែលមានមែកទោរទៅរកទឹកបឹងមួយ។ ចៃដន្យកូនដង្កូវញីបានប្រទះភ្នែកនឹងកូនក្អាត់ឈ្មោលមួយដែល នៅក្បែរនោះ។ ពួកគេបានសំលឹងមើលមុខគ្នាដោយភ្នែកដ៏តូចៗរបស់គេ ហើយពួកគេក៏ចាប់ចិត្តប្រតិព័ទ្ធលើគ្នាទៅវិញទៅមក។

ក្នុងក្រសែភ្នែករបស់កូនក្អាត់ កូនដង្កូវនោះប្រៀបដូចជាឥន្ធនូដែលមានពណ៌ល្អគ្មានពីរ។ សំរាប់ដង្កូវ កូនក្អាត់ប្រៀបដូចជាគ្រាប់អង្កាំពណ៌ខ្មៅដ៏ប្រណីត។


ដង្កូវ៖ ខ្ញុំពេញចិត្តរូបអ្នកទាំងអស់ សូមអ្នកកុំប្រែប្រួលអោយសោះ!
ក្អាត់៖ ខ្ញុំសន្យា

មួយរយៈក្រោយមកក្អាត់ក៏មកជួបនឹងដង្កូវសារជាថ្មី។ តែពេលនេះក្អាត់បានដុះជើងក្រោយ២។ ដង្កូវបានឃើញក្អាត់ដូច្នោះ ស្រែកយំយ៉ាងខ្លាំង ដោយខឹងនឹងក្អាត់ថាមិនគោរពសន្យា។
ក្អាត់៖អោយខ្ញុំសូមទោសផងចុះ ខ្ញុំមិនចង់បានជើងទាំងពីរនេះទេ! អ្វីដែលខ្ញុំចង់បានគឺឥន្ធនូដ៏ស្រស់ស្អាតរបស់ខ្ញុំ!

ដង្កូវ៖ អ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំ។ សន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេ!
ក្អាត់៖…ខ្ញុំសន្យា!

ប៉ុន្តែមិនដូចដែលគេបានសន្យាឡើយ កូនក្អាត់មកជួបដង្កួវលើកនេះ មានដុះដៃ២ថែមទៀត។ ដង្កូវស្រែកយំខ្លាំងជាមុនទៅទៀត។

ដង្កូវ៖ អ្វីដែលខ្ញុំចង់បានគឺគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំ។ ខ្ញុំទុកឱកាសអោយជាលើកចុងក្រោយម្តងទៀត! សន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេ!
ក្អាត់៖ អោយខ្ញុំសូមទោសផងចុះ! …ខ្ញុំសន្យា!

លើកនេះក្អាត់ក៏ជ្រុះកន្ទុយបាត់។
ដង្កូវ៖ នេះជាលើកទី៣ហើយដែលអ្នកមិនគោរពពាក្យសន្យា។ អ្នកមិនទុកខ្ញុំនៅក្នុងបេះដូងឡើយ។ អ្នកធ្វើអោយខ្ញុំខកចិត្តខ្លាំងណាស់!

ក្អាត់៖ ខ្ញុំមិនចង់ធ្វើដូច្នេះទេ។ នេះជាធម្មជាតិ! អ្នកនៅតែជាឥន្ធនូដ៏ស្រស់ស្អាតសំរាប់ខ្ញុំដដែល!
ដង្កូវ៖ តែអ្នកមិនមែនជាគ្រាប់អង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំទៀតទេ! លាហើយ!
ដង្កូវវារចេញទៅ សម្ងំយំរហូតដល់យប់ ហើយក៏ដេកលង់លក់ទៅ។

នៅពេលដែលគេភ្ញាក់ឡើង អ្វីៗដែលនៅជុំវិញខ្លួនគេហាក់ប្រែប្រួលទាំងអស់។ ខ្លួនបែរជាមានស្លាបក្លាយទៅជាមេអំបៅ។ មេឃក៏ប្រែប្រួល ដើមឈើក៏ប្រែប្រួល អ្វីៗទាំងអស់គឺប្រែប្រួល លើកលែងតែស្នេហារបស់គេចំពោះកូនក្អាត់។ ដង្កូវក៏សំរេចចិត្តមកសូមទោសក្អាត់វិញដែលនាងចោទថាមិនគោរពសន្យា។

នាងហោះហើរស្វែងរកកូនក្អាត់។ ពេលនោះនាងបានឃើញកង្កែប នាងក៏ហើរមកក្បែរ ហើយសួរថា៖
តើអ្នកមានបានឃើញគ្រាប់អង្កាំខ្មៅរបស់ខ្ញុំទេ?

សួរមិនទាំងទាន់ចប់ផង កង្កែបក៏លោតស៊ីមេអំបៅបាត់ទៅ!
រួចហើយវាក៏លោតមកទំលើស្លឹកឈូកចាំមើលផ្លូវឥន្ធនូរបស់វាយ៉ាងក្រៀមក្រំក្នុងចិត្តបន្តទៀត ដោយសង្ឃឹមថាថ្ងៃណាមួយនាងនឹងវិលមករកខ្លួនវិញជាមិនខាន៕

 

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK