យុវវ័យត្រូវដឹង៖ កំហុសទាំង ៤ ដែលបង្កើតជាវិប្បដិសារីពេលយើងចាស់ទៅ!
Connect with us

បែបផែនជីវិត

យុវវ័យត្រូវដឹង៖ កំហុសទាំង ៤ ដែលបង្កើតជាវិប្បដិសារីពេលយើងចាស់ទៅ!

ថ្ងៃនេះ Anarchak សូមនាំមកជូនអត្ថបទជាការដាស់តឿនមួយដល់ប្រិយមិត្តជាពិសេសយុវវ័យទាំងឡាយជាប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃ។

យុវភាពជាវ័យដ៏ស្រស់បំព្រងមួយដែលគួរឱ្យចងចាំ អាចថាជាវ័យសប្បាយបំផុតក្នុងជីវិតមនុស្ស តែបើសិនជាខ្វះការប្រុងប្រយ័ត្ន បណ្ដោយខ្លួនឱ្យការសប្បាយភ្លើតភ្លើនអូសទាញ នោះយើងអាចជួបវិប្បដិសារីអស់មួយជីវិត។

ខាងក្រោមជាកំហុសទាំង ៤ ធំៗដែលយុវជន យុវនារីត្រូវចៀសឱ្យឆ្ងាយ ឬចាប់ផ្ដើមកាត់បន្ថយនិងលុបបំបាត់៖

១ ចាយវាយខ្ជះខ្ជាយ៖

ពិតណាស់ជាយុវវ័យខ្លួនមួយ យើងមិនចាំបាច់ចិញ្ចឹមនរណាទេ ហើយអ្នកខ្លះថែមទាំងយកលុយឪពុកម្ដាយចាយផង។ តែទោះបីយើងរកលុយខ្លួនឯងហើយចាយលុយខ្លួនឯង ឬយកលុយឪពុកម្ដាយចាយក្ដី គួរបង្កើតទម្លាប់ចេះសន្សំសំចៃពីឥលូវ ហើយចាយតែលើអ្វីចាំបាច់ ដើម្បីសន្សំលុយរៀបចំផែនការអនាគត។

បើមិនទាន់ចេះរកលុយ យ៉ាងហោចក៏ចេះសន្សំលុយដែលបានពីឪពុកម្ដាយដែរ។ បើចាំពេលមានគ្រួសារខ្លួនឯងទើបគិត នោះប្រាកដជាស្ដាយក្រោយធំហើយ។

២ ស្លាប់រស់នឹងស្នេហា៖

ការមានស្នេហាមិនជាការខុសឆ្គងទេ ព្រោះវាជារឿងធម្មជាតិដែលមនុស្សមិនអាចគេចផុត។ បើមានស្នេហាហើយចេះថែរក្សា និងស្រឡាញ់គ្នាជាមួយមនុស្សត្រឹមត្រូវសម្រាប់យើងនោះពិតជាល្អហើយ។ តែបើស្នេហានោះវាទាមទារពេលវេលានិងកម្លាំងកាយចិត្តយើងច្រើនលើសលុបរហូតមិនអាចផ្ដោតលើការងារនិងការសិក្សាបាន នោះវាជាបញ្ហាមួយដែលអាចប៉ះពាល់អនាគតយើងហើយ។

ម្យ៉ាងទៀតបើសិនជាការបែកបាក់ស្នេហាអាចធ្វើឱ្យយើងទន់ដៃទន់ជើងធ្វើអ្វីមិនកើត និងបំផ្លាញសេចក្ដីសុខយើងរយៈពេលយូរដោយកាត់ចិត្តមិនបាននោះ ទៅថ្ងៃមុខយើងនឹងនឹកស្ដាយក្រោយពីពេលវេលាដ៏ឈឺចាប់ដែលយើងខ្ជះខ្ជាយនៅពេលនេះ។

៣ មិនចេះបែងចែករឿងណាសំខាន់ជាងរឿងណា៖

យុវវ័យភាគច្រើនសុទ្ធតែមានចំណង់ចង់សប្បាយដូចគ្នា តែហេតុអ្វីអ្នកខ្លះអាចសប្បាយបានហើយអាចជោគជ័យក្នងជីវិតការងារ និងសិក្សា ខណៈអ្នកខ្លះអាចបានតែសប្បាយតែត្រូវខូចអនាគត? នោះគឺដោយសារតែសមត្ថភាពនៃការបែងចែកភាពសំខាន់។ 

យុវវ័យដែលជោគជ័យ មិនមែនគេមិនចូលចិត្តសប្បាយទេ តែគេសប្បាយមានកម្រិត ដោយគេផ្ដល់អាទិភាពដល់ការងារនិងការសិក្សាសិន ហើយការសប្បាយផ្សេងៗគឺអាចធ្វើបានដរាបណាបំពេញការងារចប់រួចរាល់ និងសប្បាយក្នុងរឿងដែលសង្គមទទួលស្គាល់ និងមិនប៉ះពាល់អ្នកដទៃ។

៤ រវល់តែខ្វល់ច្រណែននឹងអ្នកដទៃ៖

ពិតណាស់ក្នុងយុវភាព យើងតែចូលចិត្តប្រៀបធៀបខ្លួននឹងមិត្តភក្ដិនិងអ្នកមានអាយុស្របាលគ្នា ហើយតែងឆ្ងល់ថា ម៉េ់ចគេស្អាតជាខ្លួន? ម៉េចគេរៀនពូកែជាងខ្លួន? ម៉េចគេមានសង្សារមុនខ្លួន? ម៉េចគេមានការងារល្អជាងខ្លួន?​

ការឆ្ងល់យ៉ាងនេះវាមិនខុសទេ តែបើគ្រាន់តែឆ្ងល់ក៏វាគ្មានប្រយោជន៍អ្វីដែរ។ ជំនួសឱ្យការច្រណែនគេ ហើយមានគំនិតឈ្នានីសគេ យកល្អយើងគួរអបអរសាទរគេ ផ្ដោតលើអ្វីដែលយើងអាចរៀនសូត្របានពីគេ ហើយចាប់ផ្ដើមពង្រឹងខ្លួនឯងឱ្យកាន់តែប្រសើរវិញ។

ត្រូវចាំថាការទាញអ្នកដទៃឱ្យចុះមកក្រោម មិនអាចរុញយើងឱ្យឡើងទៅលើទេ! ហេតុនេះបើគេនៅលើស្រាប់ ហើយយើងចង់ទៅលើដែរ ហេតុអ្វីមិនរៀនពីបទពិសោធន៍គេធ្វើម៉េចគេអាចទៅលើបាន ហើយព្យាយាមឡើងទៅដែរទៅ?

ចុចអាន៖ កុំបណ្ដោយពេលឱ្យសោះ! ចង់ក្លាយជាអ្នកមាននៅអាយុខ្ទង់ ៣០ ត្រូវធ្វើរឿងទាំងនេះនៅអាយុខ្ទង់២០!

ចុចអាន៖ ស្ថាបនិកជោគជ័យម្នាក់បានបង្ហើបអាថ៌កំបាំង ៤យ៉ាង ដែលយុវវ័យអាយុខ្ទង់ ២០ ទាំងអស់គួរដឹង!

អត្ថបទល្អផ្សេងទៀត៖ មុនអាយុ២៥ ឆ្នាំ បើសិនអ្នកធ្លាប់ឆ្លងកាត់រឿងទាំងនេះ គឺចាត់ទុកថាបានជោគជ័យមួយដំណាក់កាលនៃជីវិតរបស់អ្នកហើយ!

Anarchak សូមលើកបង្ហាញចំណុចទាំង​ ៦ ដែលអ្នកគួរមានមុនពេលឈានដល់អាយុ ២៥ ឆ្នាំ។ បើសិនអ្នកមានបទពិសោធន៍ទាំងនេះ នោះអ្នកកំពុងឋិតលើវិថីជោគជ័យមួយហើយ ដោយសារវាជាគ្រឹះដ៏សំខាន់សម្រាប់បន្តសម្រេចការងារធំៗផ្សេងទៀត៖

១. ធ្លាប់​ឆ្លង​កាត់​ការ​រៀន​សូត្រ

ការសិក្សាមិនចាំបាច់ទាល់តែចប់​បរិញ្ញាប័ត្រ ឬបណ្ឌិត អ្វីនោះទេ តែវាសម្ដៅលើការសិក្សាផ្លូវការនៅសាលា ឬការសិក្សាដោយខ្លួនឯង។ មិន​ថា​ធ្លាប់​រៀន​ត្រឹម​បាក់​ឌុប ឬ​ប្រឡង​មិន​ជាប់​បាក់​ឌុប ទៅ​ធ្វើ​ជាង​ម៉ាស៊ីន​អ្វី​ឡើយ ឲ្យ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា បណ្ដុះបណ្ដាលណាមួយ ក៏​រាប់​ថា​ជា​ការ​ចាប់​ផ្ដើម​ពន្លឺ​នៃ​ជីវិតហើយ។

២. ធ្លាប់​ជិះ​យន្តហោះ​ចេញ​ទៅ​ក្រៅ​ប្រទេស


វាហាក់ដូចជាកង្កែបលោតចេញ​ពីអណ្ដូងអញ្ជឹងដែលអ្នកនឹងមើលឃើញពិភពលោកកាន់តែធំ។ អ្នកនឹងរៀនបានពីសង្គមខាងក្រៅ វប្បធម៌ សម្បូរបែប និងភាពឯករាជ្យលើខ្លួនឯង។

៣. ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ

ការងារ​ដែលអ្នក​ធ្លាប់​ធ្វើ​ឲ្យ​គេ​ទាំង​នោះ​ មិនមែនទទួលមកវិញបានតែប្រាក់ខែដែលចាយអស់ទៅវិញទេ តែក៏បន្សល់ទុកនូវបទពិសោធន៍និងជំនាញដែលនឹងនៅជាប់ខ្លួនអ្នកអស់មួយជីវិត។ 

៤. ធ្លាប់​ធ្វើ​ការងារ​តូចៗ​នៅ​ផ្ទះ

​​ការ​ជួសជុល​ដំបូល​ផ្ទះ បំពង់​ទឹក ត​ខ្សែ​ភ្លើង ឬ​ជួស​ជុល​គ្រឿង​តូច​ៗ​មួយ​ចំនួន បើមើលទៅកំប៉ិកកំប៉ុកតែវាបង្រៀនយើងឱ្យស្គាល់ភាពម្ចាស់ការ ហើយថែមទាំងអាចសន្សំលុយបានយ៉ាងច្រើនទៀតផង។ អ្នកក៏កំពុងត្រៀមខ្លួនយ៉ាងល្អសម្រាប់ការកសាងគ្រួសារខ្លួនឯង។

៥. ចេះ​ជំនាញ​ទូ​ទៅ
ជំនាញ​ទូ​ទៅ​មាន​គ្រប់​ប្រភេទ​រាប់​តាំង​ពី​កីឡា​ ការធ្វើ​ម្ហូប បើក​ឡាន​ លេងតន្ដ្រី ហែលទឹកជា​ដើម។ ទាំង​អស់​នេះ សុទ្ធតែ​អាច​មាន​ប្រយោជន៍​សម្រាប់​ជីវិត បើទោះអ្នកមិនចាប់វាជាអាជីពរកលុយ ក៏វាបង្រៀនអ្នកពីបំនិនជីវិតនិងទុកសម្រាប់ពេលចាំបាច់ណាមួយ៕

 

 

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK