កំពូលទស្សនៈមាសរបស់ "ខុង ជឺ" ដែលមានតម្លៃរាប់ពាន់ឆ្នាំអាចប្រើបានទល់បច្ចុប្បន្ន!
Connect with us

បែបផែនជីវិត

កំពូលទស្សនៈមាសរបស់ “ខុង ជឺ” ដែលមានតម្លៃរាប់ពាន់ឆ្នាំអាចប្រើបានទល់បច្ចុប្បន្ន!

ថ្ងៃនេះ Anarchak សូមបន្តលើកយករឿងនិទានដែលបង្កប់អត្ថន័យអប់រំផ្លូវចិត្តមានប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃមកជូនប្រិយមិត្តអានទាំងអស់គ្នា។

យើងទាំងអស់គ្នាប្រាកដជាធ្លាប់ឮកិត្តិនាមអ្នកប្រាជ្ញក៏ដូចជាទស្សនវិទូចិនដ៏ល្បីល្បាញគឺ “ខុងជឺ”។ បើទោះបីជាលោកបានលាចាកលោកទៅរាប់ពាន់ឆ្នាំហើយក៏ដោយ ក៏ទស្សនៈនិងពាក្យក្រើនដាស់តឿនរបស់លោកនៅតែបន្សល់ទុកមកទល់បច្ចុប្បន្នជាយានមួយជួយតម្រែតម្រង់ផ្លូវមនុស្សគ្រប់ស្រទាប់វណ្ណៈ។

ខាងក្រោមជាទស្សនៈពិសេសៗដែលយើងសូមចងក្រងជូនប្រិយមិត្ត៖

ធ្វើគុណទៅហើយបើគេតបមកវិញនោះប្រៀបដូចជាយើងមិនបានធ្វើគុណអញ្ចឹង។ ដូច្នេះហើយបើធ្វើគុណ ចូរកុំរំពឹងអ្វីតបស្នងវិញ។

ធ្វើគុណទៅហើយកុំបាច់ឡើយរំលឹកពីគុណនោះនៅចំពោះមុខអ្នកដែលយើងផ្ដល់គុណទៅឱ្យ ព្រោះវានឹងធ្វើឱ្យតម្លៃគុណថយចុះ។ ផ្ទុយទៅវិញ បើយើងមិនរំលឹកអ្នកនោះនឹងកាន់តែចងចាំ!

កុំពពាយនាយអួតទង្វើល្អដែលខ្លួនយើងបានធ្វើព្រោះការសរសើរខ្លួនឯងមិនខុសអីពីអង្គុយលើចង្អេរលើកខ្លួនឯងទេ អ្នកមិនអាចខ្ពស់ទៅណារួចឡើយ។ ទុកឱ្យសេចក្ដីល្អរបស់យើងត្រូវបានអ្នកដទៃយកទៅសរសើរវិញវាមានន័យជាង និងអមតៈជាង។

ទោះទៅមុខយឺតយ៉ាងណាក៏ដោយ ទោះដើរឬក៏វារក៏ដោយវាមិនជាបញ្ហាទេ ដរាបណាយើងមិនឈប់ ដរាបណាយើងមិនបោះបង់ការប្រឹងប្រែងទៅមុខ។

ប្រព្រឹត្តចំពោះអ្នកដទៃដូចដែលយើងចង់ឱ្យអ្នកដទៃប្រព្រឹត្តមកលើយើង។ ហើយកុំប្រព្រឹត្តទៅលើគេទង្វើដែលយើងមិនចង់ឱ្យគេប្រព្រឹត្តិមកលើយើង។

អំពើណាដែលធ្វើហើយបានផលល្អមកលើយើងជារឿងល្អ តែបើបានផលល្អមកលើយើងផងនិងអ្នកដទៃផងជាទង្វើល្អបំផុត។ ផ្ទុយទៅវិញបើបានផលល្អមកយើងតែនាំទុក្ខអ្នកដទៃ ត្រូវចៀសកុំធ្វើវា។

ធ្វើការងារណាដែលយើងចូលចិត្ត នោះយើងនឹងមិនមានអារម្មណ៍ថាធុញទ្រាន់នឹងជីវិតធ្វើការប្រចាំថ្ងៃឡើយ ពោលយើងនឹងមានកម្លាំងធ្វើការរហូតដល់ទីបញ្ចប់នៃជិីវិត៕

ប្រភព៖ wisdom

ចុចអាន៖ សម្ដីមាសខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ ប្រការ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ!!!

ចុចអាន៖ អប់រំផ្លូវចិត្ត៖ នេះជាជំងឺដ៏សាហាវដែលកើតចេញពីខ្លួនយើងហើយស៊ីបំផ្លាញទាំងយើងនិងអ្នកជុំវិញ!

អត្ថបទល្អផ្សេងទៀត៖ ព្រះពុទ្ធទ្រង់ប្រើកូនសិស្សទៅដងទឹកពីបឹងតែបឹងសុទ្ធតែកករ តែទ្រង់ប្រើវិធីចិត្តសាស្ដ្រងាយៗអាចឱ្យកូនសិស្សភ្លឺភ្នែក!

ថ្ងៃមួយព្រះពុទ្ធទ្រង់កំពុងព្រះនិមន្តទៅភូមិមួយឆ្ងាយជាមួយនឹងកូនសិស្សរបស់ទ្រង់ម្នាក់។ ទ្រង់និងកូនសិស្សបាននិមន្តកាត់បឹងមួយ។ ព្រះពុទ្ធមានពុទ្ធដីកាទៅកូនសិស្សថា “អាត្មាស្រេកទឹកណាស់។ សូមយកទឹកឱ្យអាត្មាពីបឹងទីនោះមកគ្រាន់នឹងឆាន់”។

កូនសិស្សបានចុះទៅបឹងនោះ ក៏ប៉ុន្តែបឹងនោះពោរពេញដោយអ្នកភូមិកំពុងបោកខោអាវក្នុងទឹក និងមានទាំងគោ រទេះសេះចតនៅមាត់បឹងផង។ ហេតុនេះទឹកបឹងនោះពោរពេញដោយកករកខ្វក់មិនអាចយកមកទទួលទានឬឆាន់បានទេ។

កូនសិស្សទ្រង់ក៏ត្រឡប់មកវិញនិងរ៉ាយរ៉ាប់តាមដំណើររឿង ដោយមិនអាចយកទឹកនោះមកបានដោយសារតែវាកខ្វក់ពេក។

ក្រោយព្រះសណ្ដាប់ ព្រះពុទ្ធមានពុទ្ធដីកាថាតបឱ្យកូនសិស្សនោះយកទឹកខ្លះៗពីបឹងនោះមកក្រោមគ្រាន់លាងជម្រះកាយសិន។

បន្ទាប់ពីនោះពេលរសៀលជ្រេបន្តិច ព្រះពុទ្ធទ្រង់ត្រាសបង្គាប់ឱ្យកូនសិស្សទៅបឹងនោះម្ដងទៀត ដើម្បីយកទឹកមកឆាន់។ កូនសិស្សបានត្រឡប់ទៅបឹងវិញ ប៉ុន្ដែលើកនេះទឹកមានសភាពថ្លាល្អគ្មានភក់ជ្រាំទេ។

នោះក៏ដោយសារក្រោយពេលដែលអ្នកភូមិតនិងរទេះសេះបរចេញអស់ទៅ ភក់ទាំងនោះបានធ្លាក់ទៅបាតបឹងហើយទឹកនៅខាងលើក៏ថ្លាឆ្វង់ ដូច្នេះកូនសិស្សក៏អាចស្រង់យកទឹកទៅប្រគេនថ្វាយព្រះពុទ្ធ។

ព្រះពុទ្ធបានសម្លឹងមើលទៅក្នុងទឹក និងមានពុទ្ធដីកាដាស់តឿនថា “ឃើញទេ!ទោះបីជាទឹកមានកករ យ៉ាងណា រង់ចាំបន្តិចទៅឱ្យទឹកស្ងប់សិន ហើយភក់និងកករទាំងនោះនឹងធ្លាក់ទៅបាតបឹងដោយខ្លួនវា។”

“ពេលនេះយើងអាចទទួលបានទឹកថ្លាឆ្វង់មួយផ្ដិល ហើយមិនបាច់ប្រឹងប្រែងឡើយដោយគ្រាន់តែមានការអត់ធ្មត់ប៉ុណ្ណោះ! “។

តម្លៃអប់រំ ៖ បញ្ហាខ្លះនៅក្នុងជីវិតត្រូវការការដោះស្រាយភ្លាមៗមិនអាចបង្អែរបង្អន់បាន តែក៏មានបញ្ហាខ្លះត្រូវការតែពេលវេលានិងការអត់ធ្មត់រង់ចាំឱ្យវារលាយបាត់ទៅប៉ុណ្ណោះ។ ឧទាហរណ៍ដូចជា ការខឹងក្រេវក្រោធ ឬក៏ពេលវេលានៃការធ្វើការមិនអំណោយផលជាដើម។

យើងមិនចាំបាច់ទៅប្រឹងប្រែងអ្វីច្រើននាំតែកាន់តែថ្លោះធ្លោយ តែគ្រាន់តែរង់ចាំអត់ធ្មត់ឱ្យអារម្មណ៍ខឹងនោះឬក៏ពេលវេលាមិនអំណោយផលនោះវារលត់បន្តិចម្ដងៗសឹមប្រឹងប្រែងដោះស្រាយជាក្រោយទើបសម្រេចបានលទ្ធផលល្អនិងលឿន៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK