ទស្សនៈកំពូលទាំង ៤ របស់ស៊ុនឈាន ស្ដេចវ័យក្មេងគ្រប់គ្រងនគរធំមួយក្នុងចំណោមនគរបីក្នុងរឿង”សាមកុក”!
Connect with us

បែបផែនជីវិត

ទស្សនៈកំពូលទាំង ៤ របស់ស៊ុនឈាន ស្ដេចវ័យក្មេងគ្រប់គ្រងនគរធំមួយក្នុងចំណោមនគរបីក្នុងរឿង”សាមកុក”!

ប្រិយមិត្តរបស់ Anarchak ដែលតាមដានរឿងភាគចិនបែបប្រវត្តិសាស្ដ្រដ៏ល្បីល្បាញ សាម កុក ប្រាកដជាជ្រាបហើយពីកិត្តិនាមរបស់តួអង្គ ស៊ុន ឈាន ដែលជាស្តេចត្រាញ់មួយក្នុងចំណោមស្តេចត្រាញ់ទាំងបី ដែលពីររូបទៀតគឺ ឆាវឆាវ និងលីវប៉ី។

ស៊ុនឈាន ថ្វីត្បិតតែនៅវ័យក្មេងមែនពិត តែគេអាចបន្តកិច្ចការធំពីឪពុកនិងបងប្រុសគ្រប់គ្រងនគរ តុងអ៊ូ ដោយសារតែប្រជ្ញាដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស មន្ដ្រីរាជការ និងកងទ័ពទាំងមូល។

ខាងក្រោមជាទស្សនៈដ៏អស្ចារ្យ ៤ ក្នុងចំណោមទស្សនៈល្អៗជាច្រើនរបស់ស៊ុនឈានក្នុងរឿងសាមកុកដែលប្រិយមិត្តគួរដឹង៖

១. ទាល់តែយើងខ្លាំងខ្លួនឯងសិន ទើបអ្នកដទៃព្រមមកជួយដល់យើង៖

ស៊ុនឈានពោលពាក្យនេះនៅពេលដែលនគរខ្លួនរងការគម្រាមកំហែង ហើយមន្ដ្រីជាច្រើនផ្ដល់យោបល់ឱ្យសំុំជំនួយពីខាងក្រៅ។ តែចំពោះស៊ុនឈាន ការសុំជំនួយអាចទទួលបានជោគជ័យឬអត់វាអាស្រ័យលើខ្លួនឯងសិន។

បើខ្លួនយើងខ្លាំងគួរសម ទើបអ្នកដទៃគេហ៊ានមកជួយព្រោះគេអាចនឹងបានប្រយោជន៍ខ្លះវិញពីយើង ហើយភាគរយដែលនឹងអាចឈ្នះសត្រូវក៏ខ្ពស់តាមនោះដែរ។ ផ្ទុយទៅវិញបើយើងខ្សោយអ្នកដទៃគេអាចនឹងរារែកមកជួយ ហើយបើគេជួយក៏គង់គេឈ្លាតឱកាសលេបត្របាក់យើងដែរ។

២. ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បើចង់សម្រេចបានប្រយោជន៍រួម៖

ពិតណាស់នេះសមជាសម្ដីមាសរបស់អ្នកដឹកនាំនគរដ៏ធំមួយ ដោយអាចបង្រួបបង្រួមមន្ដ្រីក្រោមឱវាទឱ្យចេះសាមគ្គីគ្នាសម្រេចប្រយោជន៍រួមរបស់នគរជាជាងប្រយោជន៍ផ្ទាល់ខ្លួនឬមួយក្រុមតូច។ 

ដរាបណាគេសម្រេចប្រយោជន៍រួមបានហើយ នោះប្រយោជន៍ផ្ទាល់ខ្លួនវានឹងអាចមកតាមក្រោយបាន តែបើគិតប្រយោជន៍ផ្ទាល់ខ្លួនមុនច្បាស់ណាស់ថាគ្មានថ្ងៃរកប្រយោជន៍រួមឃើញទេ។

៣. វាយយកក្រុងមិនសូវពិបាកទេ ប៉ុន្តែការពារក្រុងដែលវាយយកបានឱ្យគង់ទើបជារឿងពិបាកបំផុត៖

ក្នុងន័យនេះការវាយយកក្រុងអាចសម្រេចបានដោយការប្រើត្រឹមផែនការខ្លី ​ផ្សំនឹងកម្លាំងទ័ពធំសម្រុកនិងក្បួនយុទ្ធសាស្ដ្រត្រឹមត្រូវ តែសម្រាប់នគរធំដូចតុងអ៊ូវាមិនពិបាកទេក្នុងការវាយយកក្រុងតូចៗថ្មីៗមកកាន់កាប់។

តែអ្វីដែលពិបាកនោះគឺការធានាថាក្រុងដែលធ្លាក់មកលើដៃនោះអាចស្ថិតក្រោមការគ្រប់គ្រងរបស់យើងរហូត ដែលនោះត្រូវទាមទារផែនការវែង និងនយោបាយគ្រប់គ្រងក្រុង ចិញ្ចឹមប្រជាជនបង្ការការបះបោរ។

ក្នុងជីវិតយើងក៏ស្រដៀងគ្នាដែរ​ ការឈោងចាប់យកអ្វីៗអាចប្រើការខំប្រឹងមួយប្រាវក៏ទទួលបាន តែអ្វីដែលពិបាកត្រូវធ្វើយ៉ាងណារក្សាវាឱ្យគង់។

៤. បើគ្រាន់តែរឿងតូចតាចក៏អាចធ្វើឱ្យយើងខឹងគ្រប់គ្រងមិនបាន តើមានមុខមាត់អីធ្វើជាស្ដេចផែនដី?

ស៊ុនឈានពោលពាក្យមួយឃ្លាដ៏អស្ចារ្យនេះនៅចំពោះមុខរាល់មន្ដ្រី ពេលដែលទ្រង់ត្រូវសត្រូវប្រមាថ និងទទួលរងភាពក្អេងក្អាងពីសំណាក់មេទ័ពខ្លួន។

តែអ្វីដែលគួរឱ្យស្ងើច ជំនួសឱ្យការខឹងក្រេវក្រោធ ស៊ុនឈានបែរជាអាចរក្សាជំហរខ្លួនបានយ៉ាងមាំ និងធ្វើចិត្តយ៉ាងត្រជាក់មិនខ្វល់ពីការប្រមាថទាំងនោះ ហើយយកកម្លាំងនិងពេលវេលាទៅរកដំណោះស្រាយនិងផ្លូវចេញពីវិបត្តិវិញ។

នេះបង្ហាញឱ្យឃើញថា បើចង់កាន់ការធំនិងមុខងារសំខាន់ៗជាងអ្នកដទៃ បើចង់ធ្វើចៅហ្វាយអ្នកដទៃ ឬអ្នកដឹកនាំគេ យើងត្រូវតែហ៊ានទ្រាំទ្រនឹងសម្ពាធនិងលេបថ្មលេបគ្រោះដែលអ្នកដទៃមិនអាចធ្វើបាន៕

ចុចអាន៖ (ទស្សនៈសាមកុក) ឆាវឆាវ៖ ទោះអស់លោកយំដល់មេឃភ្លឺក៏រឿងរ៉ាវវាមិន…!

ចុចអាន៖ កំពូលទ្រឹស្ដីទាំង ៥ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន!

អត្ថបទល្អផ្សេងទៀត៖ ទ្រឹស្តីក្នុងរឿងសាមកុកទាំង ៦នេះនឹងធ្វើអោយអ្នកក្លាយជាមនុស្សខ្លាំងពូកែ!

បើនិយាយដល់រឿងសាមកុក (នគរបី) ទោះបីជាអ្នកមិនធ្លាប់មើល ក៏អ្នកធ្លាប់បានលឺឈ្មោះរបស់វាដែរ ដោយសាររឿងនេះបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ប្រទេសចិនក្នុងសម័យសង្គ្រាមបែងចែកអំនាច។

រឿងនេះមានអត្ថន័យអប់រំដ៏ច្រើនរាប់មិនអស់ ជាពិសេសទាក់ទងទៅនឹងការគ្រប់គ្រងមនុស្ស យុទ្ធសាស្រ្តសង្គ្រាម ក៏ដូចជាទ្រឹស្តីជីវិតមួយចំនួនដែលធ្វើអោយអ្នកមើលរៀនសូត្របានយ៉ាងច្រើនពីរឿងប្រវត្តិសាស្រ្តមួយនេះ។ ក្នុងនោះ មានឃ្លាមួយចំនួនដែលត្រូវបានលើកឡើងដោយតួអង្គនីមួយៗដែលមានន័យបង្កប់យ៉ាងជ្រៀលជ្រៅ អាចអោយអ្នកយកមកពិចារណា ដើម្បីគ្រប់គ្រងនូវដំណើរជីវិតរបស់អ្នក។ ក្នុងនោះមាន៖

១. “គេក្បត់ខ្ញុំជារឿងរបស់គេ ប៉ុន្តែខ្ញុំមិនក្បត់នឹងគុណធម៌របស់ខ្លួនឯងទេ” ~លីវ ប៉ី


ពាក្យមួយឃ្លានេះចង់ក្រើនរំលឹកអោយដឹងថា អ្នកណាធ្វើអ្វីមកលើយើងមិនសំខាន់នោះទេ សំខាន់យើងត្រូវរក្សាគុណធម៌ដែលយើងមាន ហើយថ្ងៃណាមួយទង្វើដែលយើងធ្វើច្បាស់ជាតបស្នងមកយើងវិញ។

២. “ការចរចារបែងចែកជាពីរប្រភេទ គឺការចរចារ និងការសុំចរចារ” ~ឆាវឆាវ


ប្រសិនបើយើងយកឃ្លានេះមកគិត យើងប្រាកដជាមើលឃើញថា រឿងអ្វីក៏ដោយក៏អាចធ្វើទៅបានដែរប្រសិនជារឿងខំប្រឹង។ ហេតុអ្វី? ការចរចាប្រៀបបានដូចជាឳកាសមួយអ៊ីចឹងដែរ ប្រសិនជាយើងរងចាំគេមកចរចា រឺចាំឳកាសមកដល់ វាមិនអាចគ្រប់ពេលដែលយើងសំណាងបែបនេះនោះទេ។ ផ្ទុយទៅវិញ ដើម្បីសម្រេចបំណង យើងគួរបង្កើតឳកាសអោយខ្លួនឯង ដូចជាយើងទៅសុំគេចរចាអ៊ីចឹងដែរ។ ធ្វើជាមនុស្សខ្លាំង អ្នកត្រូវតែចេះបង្កើតឳកាស និងផ្លូវសម្រាប់ដើរអោយខ្លួនឯង ព្រោះប្រសិនបើអ្នកមិនធ្វើបែបនេះទេ គ្មានអ្នកណាធ្វើអោយអ្នកនោះទេ ព្រោះអ្នកប្រហែលមានគេជួយម្តងជាពីរដង ប៉ុន្តែអ្នកមិនអាចមានគេតាមជួយមួយជីវិតនោះទេ។

៣. “ប្រសិនបើខ្ញុំរកម្ចាស់ល្អមិនបាន ខ្ញុំសុខចិត្តធ្វើជាម្ចាស់របស់ខ្លួនឯង” ~ជូកឺឡាំង


ឃ្លានេះស្តាប់ទៅដូចជារាងកាចបន្តិច ប៉ុន្តែវាគឺជាការពិត។ ពេលខ្លះក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ អ្វីដែលពួកគេប៉ងប្រាថ្នា មិនប្រាកដថាអ្នកសម្រេចនោះទេ ដូចនេះប្រសិនជាអ្នកគិតថាស្ថានភាពរាល់ថ្ងៃនេះមិនស័ក្តសមនឹងសមត្ថភាពរបស់អ្នក អ្នកគួរបង្កើតអ្វីដែលស័ក្តសមសម្រាប់ខ្លួនឯង។

៤. “ខ្ញុំសុខចិត្តក្បត់មនុស្សមួយពិភពលោក ក៏មិនអោយមនុស្សមួយពិភពលោកក្បត់ខ្ញុំ” ~ឆាវឆាវ

មួយឃ្លានេះស្តាប់ទៅមានអារម្មណ៍ថាអាត្មានិយមបន្តិច ប៉ុន្តែទន្ទឹមនឹងនេះ វាបង្រៀនគំនិតជាច្រើនដល់យើង។ នៅក្នុងពិភពមួយដែលសំបូរទៅដោយការប្រកួតប្រជែង ប្រសិនជាយើងនៅតែគិតពីអ្នកដទៃមុនខ្លួនឯង យើងនឹងក្លាយជាជនរងគ្រោះនៃការប្រកួតមួយនេះ។ ប៉ុន្តែបើចង់យកឃ្លានេះមកប្រើប្រាស់អោយត្រូវនឹងបរិបទ អ្នកមិនត្រូវគិតតែពីខ្លួនឯងសុទ្ធនោះទេ ដោយសារមនុស្សយើងម្នាក់រស់នៅត្រូវប្រាស្រ័យពឹងពាក់គ្នាទៅវិញទៅមក ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺក្រៅពីជួយខ្លួនឯងអោយបានល្អ អ្នកក៏គួរតែជួយជ្រោមជ្រែងអ្នកដែលនៅជុំវិញខ្លួនផងដែរ

៥. “សម្ដីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ” ~លូស៊ូ


ជាការពិតណាស់ សម្តីមួយឃ្លានេះបាននិយាយន័យដែលខ្លួនចង់បង្កប់យ៉ាងច្បាស់ទៅហើយ។ ធ្វើជាមនុស្ស យើងមិនអាចចេះតែនិយាយកុហកនោះទេ ដោយសារនៅពេលដែលយើងនិយាយការពិត ប្រហែលជាដល់ពេលដែលគេលែងជឿយើងដូចគ្នា។ ទោះបីជាការនិយាយកុហកគឺជារឿងដែលមិនអាចជៀសផុត ប៉ុន្តែអ្នកគួរព្យាយាមធ្វើវាអោយបានតិចបំផុត ទើបពេលដែលយើងនិយាយអ្វីទៅ សម្តីរបស់យើងមានតម្លៃ និងគួរអោយគោរពពីសំនាក់មនុស្សទូទៅ។

៦. “បរាជ័យមានអ្វីគួរអោយខ្លាច អ្វីគួរអោយខ្លាចគឺមិនដឹងថាខ្លួនឯងបរាជ័យនៅត្រង់ណា” ~ឆាវឆាវ

មានសុភាសិតទូន្មានជាច្រើនបាននិយាយថា បរាជ័យមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺយើងនៅតែតស៊ូមិនបោះបង់ចោល។ ត្រឹមត្រូវណាស់ដែលគេលើកលើងដូចនេះ ប៉ុន្តែដើម្បីអោយប្រាកដថាយើងមិនបរាជ័យនៅក្នុងរឿងដដែលៗ យើងត្រូវសិក្សាអោយច្បាស់ពីឬសគល់នៃការបរាជ័យរបស់យើង ព្រោះបើមិនដូច្នេះទេ យើងនឹងនៅតែធ្វើខុសហើយខុសទៀត ហើយប្រសិនយើងនៅតែបង្កើតកំហុសដែលយើងធ្លាប់បានខុសហើយនោះ វាមានន័យថាយើងគ្មានការអភិវឍ្ឍ និងមិនចេះរៀនពីកំហុស។ ហើយអ្វីដែលយើងទទួលបានពីការបរាជ័យ មិនមែនជាមេរៀននោះទេ ប៉ុន្តែជាការបាត់បង់ពេលវេលា និងថវិការដែលយើងចំនាយទៅហើយមិនបានអ្វីប្រសើរត្រលប់មកវិញ។

បន្ទាប់ពីបានអានទ្រឹស្តីទាំងនេះ សង្ឃឹមថាវានឹងអាចជួយដល់ការសម្រេចចិត្តរបស់អ្នក ដើម្បីភាពជោគជ័យក្នុងជីវិតរបស់អ្នក៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK