៤ ចំណុចនេះបើមិត្តនារីចៀសបាន ខាងប្រុសនឹងកាន់តែបាក់ចិត្តលើអ្នក!
Connect with us

គ្រួសារ & ស្នេហា

៤ ចំណុចនេះបើមិត្តនារីចៀសបាន ខាងប្រុសនឹងកាន់តែបាក់ចិត្តលើអ្នក!

រាល់ស្ដ្រីជាសង្សារឬភរិយាសុទ្ធតែមានបំណងចង់ចងចិត្តមិត្តប្រុសឬស្វាមីដើម្បីរក្សាសុភមង្គលក្នុងចំណងស្នេហ៍។ តែពេលខ្លះការលះបង់ខ្លាំងពេកដោយមិនបានគិតគ្រប់ជ្រុងជ្រោយវាមិនត្រឹមតែមិននាំមកនូវផលល្អទេ តែបែរជាអាចនាំឱ្យមានភាពប្រេះស្រាំរកាំចិត្តទៅវិញ។ ខាងក្រោមនេះជាចំណុចទាំង ៤ ដែលនារីៗនិងបងៗស្ដ្រីពុំគួរធ្វើទៅកាន់ដៃគូខ្លួន៖

១ ព្យាយាមរ៉ាប់រងខ្លួនដោះស្រាយបញ្ហារបស់គាត់

បើទោះបីគាត់មានបញ្ហាការសិក្សា ការងារ ឬមុខជំនួញណាមួយដែលធ្វើឱ្យគាត់ពិបាកចិត្ត អ្នកមិនគួរជ្រៀតខ្លួនរ៉ាប់រងចេញមុខដោះស្រាយចំពោះគាត់ទេ ព្រោះវាអាចនាំឱ្យគាត់គិតថាអ្នកមិនទុកចិត្តលើសមត្ថភាពរបស់គាត់ ធ្វើឱ្យគាត់មានអារម្មណ៍កំសាក ឬក្លាយជាមនុស្សលែងទទួលខុសត្រូវនៅពេលក្រោយ។ អ្វីដែលអ្នកគួរធ្វើនោះគឺត្រឹមតែនៅក្បែរនិងចាំជួយលើកទឹកចិត្តគាត់ ឱ្យគាត់ដឹងថាអ្នកជឿជាក់លើគាត់ទៅបានហើយ។ 

២ ឱ្យអំណោយឬកាដូថ្លៃៗដល់គាត់

ការជូនកាដូឱ្យគ្នាទៅវិញទៅមក  ជារឿងដ៏រីករាយមួយក្នុងចំណងស្នេហ៍តែ អ្នកមិនគួរទិញកាដូណាដែលថ្លៃពេករហូតគាត់ពិបាកនឹងរកលទ្ធភាពទិញជូនអ្នកវិញ។ វាអាចនាំឱ្យគាត់មានអារម្មណ៍មិនល្អក៏ថាបាន។ បើគាត់ជាបុរសល្អដឹងការរាក់ជ្រៅ គាត់នឹងមិនរំពឹងរបស់ដែលមានតម្លៃតែសម្បកក្រៅទាំងនោះទេ តែអ្វីដែលគាត់ចង់បានពិតគឺស្នាមញញឹមអ្នក។ ម្យ៉ាងរបស់សាមញ្ញៗ តម្លៃសមរម្យក៏អាចទាក់ចិត្តគាត់បានដែរ ហើយអ្នកក៏អាចទិញជូនគាត់បានច្រើនដងទៀតផង។

៣ លុបបំបាត់រាល់មិត្តភក្ដិនិងពេលវេលាផ្ទាល់ខ្លួនសម្រាប់តែគាត់

ការចំណាយពេលច្រើនជាមួយគាត់ជារឿងដែលអ្នកគួរធ្វើ តែដាច់ខាតកុំផ្ដាច់រាល់ចំណងមិត្តភាពនិងបោះបង់ពេលវេលាសម្រាប់ខ្លួនឯងដើម្បីតែនៅក្បែរគាត់ឬរង់ចាំគាត់ ព្រោះវាអាចនាំឱ្យគាត់ធុញទ្រាន់ និងមើលឃើញអ្នកជាមនុស្សឯកាមួយរូបដែលខ្វះគាត់មិនបាន ជាហេតុនាំឱ្យគាត់បែរជាគិតថាអ្នកជាមនុស្សទន់ជ្រាយ។ ដូចនេះគួររក្សាពេលវេលាសម្រាប់គាត់និងខ្លួនឯងឱ្យបានសមស្រប។

៤​ ព្យាយាមបង្ហាញថាអ្នកឆ្លាតជាងគាត់

ពិតណាស់បុរសស្រឡាញ់នារីដែលឆ្លាត តែចូរកុំភ្លេចថាពួកគាត់ក៏ត្រូវការបង្ហាញពីសារៈសំខាន់និងភាពឆ្លាតវៃរបស់ខ្លួនដែរ។បើសិនអ្នកព្យាយាមបង្ហាញថាខ្លួនឆ្លាតជាងគាត់រាល់លើក គាត់អាចនឹងមានអារម្មណ៍ថាត្រូវបានគ្របដណ្ដប់ និងមិនសប្បាយចិត្តពេលនៅក្បែរអ្នក។ នារីដែលឆ្លាតពិតគឺ អាចឱ្យបុរសរបស់នាងមានអារម្មណ៍ថាគាត់ជាមនុស្សឆ្លាត និងពូកែជាពិសេសពេលនៅក្បែរនាង៕

ដោយ៖ ហេង សន្យា
ប្រភព៖ Brightside

មតិយោបល់

Trending

Copyright © 2019 ANARCHAK