តើស្នេហាមួយ ទាល់តែត្រូវចាំរហូតដល់ជួបដៃគូដែលល្អឥតខ្ចោះ ឬយ៉ាងណា?
Connect with us

គ្រួសារ & ស្នេហា

តើស្នេហាមួយ ទាល់តែត្រូវចាំរហូតដល់ជួបដៃគូដែលល្អឥតខ្ចោះ ឬយ៉ាងណា?

“ចង់នៅម្នាក់ឯង រហូតដល់ទៅអាចស្វែងរកបុរសម្នាក់ដែល … “

“ទាល់តែអាចមានដៃគូដែល …​” 

“ខ្ញុំរង់ចាំស្នេហាដែល …”

ពេលខ្លះ អ្នកឱ្យហេតុផលខ្លួនឯងច្រើនពេក បង្កើ់តព្រំដែនសម្រាប់ខ្លួនឯងច្រើនពេក ដែលអ្នកត្រូវរង់ចាំ បន្តស្វែងរកមនុស្សដែលអ្នករំពឹងថាជាមនុស្សត្រូវសម្រាប់អ្នក ជាមនុស្សដែលធ្វើឱ្យអ្នកសប្បាយចិត្ត ជាមនុស្សដែលសាកសមនឹងអ្នក។ អ្នកទាំងអស់គ្នាសុទ្ធតែចង់មនុស្សម្នាក់ដែលល្អជាងគេបង្អស់ សម្រាប់ស្នេហាដែលល្អឥតខ្ចោះរបស់អ្នក។

ប៉ុន្តែ តើស្នេហា មានលក្ខណៈដូចនេះមែនដែរឬទេ? តើការដែលរង់ចាំមនុស្សដែលល្អឥតខ្ចោះនោះ អាចធ្វើឱ្យជីវិតស្នេហារបស់អ្នកធានាថាល្អឥតខ្ចោះដែរឬទេ? 

តើធ្វើយ៉ាងណា ទើបអ្នកអាចដឹងបានថាតើស្នេហាប្រភេទ ដៃគូប្រភេទដែលល្អឥតខ្ចោះសម្រាប់អ្នក? តើធ្វើយ៉ាងណាទើបដឹងថានរណាម្នាក់មានលក្ខណៈមិនគ្រប់គ្រាន់ដូចទៅនឹងអ្វីដែលអ្នកត្រូវការ? 

ជាក់ស្តែង ស្នេហាដូចជាការប្រលងដូចគ្នាដែរ។ ទាល់តែអ្នកធ្លាប់ឆ្លងកាត់វា ដឹងថាវាមានលក្ខណៈលំបាកយ៉ាងណា ដឹងថាអ្នកមិនទាន់ចេះត្រង់ចំណុចណា ទើបអ្នកអាចធ្វើការប្រឹងប្រែងកំណត់នូវគោលដៅសម្រាប់ការប្រលងលើកៗក្រោយទៀតបាន។ វាអាចជាសំណាងដែលអ្នកអាចទទួលបានពិន្ទុខ្ពស់ក្នុងការប្រលងលើកដំបូង ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបានភាពល្អប្រសើរដូចនេះទេ។

ជីវិតស្នេហាក៏ដូចគ្នា។ ប្រសិនបើអ្នកនៅតែចាំទាល់តែដៃគូដែលល្អឥតខ្ចោះ មកឈរ មកបង្ហាញខ្លួននៅនឹងមុខអ្នកនោះ តើអ្នកនឹងបន្តរង់ចាំដល់ពេលណា ប្រសិនបើអ្នកមិនទាន់ស្គាល់ខ្លួនឯងផង ថាតើដៃគូរបស់អ្នកគួរតែជាមនុស្សបែបណា ប្រភេទណាដែលត្រូវជាមួយនឹងអ្នក។ 

ជីវិតស្នេហាមិនមែនជាបន្ទាត់ត្រង់នោះទេ ដែលនាំអ្នកទៅកាន់ភាពជោគជ័យភ្លាមៗនោះទេ។ ប្រាកដណាស់ដែលវាមាន ការបែកបាក់ ភាពប្រេះឆា ខូចចិត្តនៅតាមផ្លូវ។ មានពេលខ្លះ ដែលអ្នកត្រូវឈឺចាប់ដោយសារ​តែគេ ពេលខ្លះ អ្នកជាអ្នកដែលធ្វើគេឈឺចាប់ទៅវិញ។

អ្នកគួរឈប់រង់ចាំនូវអ្វីដែលល្អឥតខ្ចោះ សម្រាប់ស្នេហារបស់អ្នកទៅ។ មានពេលខ្លះ អ្នកមានអារម្មណ៏ថារីករាយ​ និងស្រលាញ់នូវស្នេហាដែលអ្នកមាន ហើយមានពេលខ្លះទៀត ដែលអ្នកមិនសប្បាយចិត្ត និងព្យាយាមបញ្ចប់វា។ ពេលខ្លះទៀត អ្នកត្រូវដឹងថាតើអ្នកស្រលាញ់គេដល់កម្រិតណា ហើយតើគេស្រលាញ់អ្នកដូចជាអ្វីដែលអ្នកផ្តល់ឱ្យគេឬទេ។ ពេលខ្លះទៀត អ្នកត្រូវការពារបេះដូង និងក្តីស្រលាញ់របស់អ្នកកុំឱ្យបែកប្រេះ ហើយឈឺចាប់តែម្នាក់ឯង។ 

ដូចនេះ អ្នកគួរឈប់កម្រិតខ្លួនឯង ដោយគិតថាទាល់តែគេជាមនុស្សឥតខ្ចោះដល់កម្រិតនេះ ឥតខ្ចោះដល់កម្រិតនោះ ប៉ុន្តែផ្ទុយទៅវិញ អ្នកគួររកនរណាដែលអាចធ្វើឱ្យអ្នកមានក្តីស្រលាញ់ និងតាំងចិត្តតស៊ូ បង្កើននូវក្តីស្រលាញ់ បន្តរៀនសូត្រពីគ្នាទៅវិញទៅមក សុខចិត្តពុះពារឧបសគ្គ ឆ្លងព្យុះភ្លៀងជាមួយគ្នាដោយមិនរួញរា​ និងជាពិសេសតស៊ូដើម្បីថែរក្សាក្តីស្នេហារបស់អ្នកទាំងពីរ។

ស្នេហាមិនមែនជាភាពល្អឥតខ្ចោះនៃក្តីស្រលាញ់នោះទេ ប៉ុន្តែភាពស្មោះត្រង់ ភាពពិតនៃក្តីស្រលាញ់ដែលមានរវាងគ្នា និងគ្នា៕

ចុចអានផ្សេងៗ៖ ទង្វើប្លែកៗរបស់តារានិករនីមួយៗនៅពេលដែលគេកំពុងលួចស្រលាញ់នរណាម្នាក់!!

ចុចអានផ្សេងៗ៖ រឿងមួយចំនួនដែលអ្នកនៅលីវគួរដឹង មុននឹងឈានទៅដល់ជីវិតអាពាហ៍ពិពាហ៍

ដោយ៖ ទិគុណ

ប្រភព៖ Though Catalogs 

មតិយោបល់

Trending

Copyright © 2019 ANARCHAK